ទីប្រសព្ធនៃភ្នំ និងសមុទ្រ នាភ្នំសឹងហាក់ (승학산)

ទីប្រសព្ធនៃភ្នំ និងសមុទ្រ នាភ្នំសឹងហាក់ (승학산)

វាលស្មៅពណ៏លឿងស្រអាប់ ដ៏វែងអន្លាយ ដូចក្រាលមាសលើភ្នំ រាប់សិបហិចតា។ ទាំងនេះ គឺជារូបភាពដែលខ្ញុំបានស្វែងរកតាម Internet មុនពេលខ្ញុំឈានជើងចេញពីផ្ទះ។ រូបភាពទាំងនោះ មិនមែនជាការបោកប្រាស់នោះទេ តែវាជាវាលស្មៅដែលងាប់ ឬស្រពោននាខែតុលា ឬដើមខែវិច្ឆិកា នៃការដូររដូវពី ស្លឹកឈើជ្រុះ ទៅរងារនោះហើយ។

នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោយរង់ចាំយ៉ាងអន្ទះសារ ទម្រាំដល់ថ្ងៃចុងសប្តាហ៏ ទីបំផុត ខ្ញុំក៏បានទៅដល់ទីនោះជាផ្លូវការ។ ថែមទាំងបាន ផ្តិតរូបភាព និងវីឌីអូ ដើម្បីចែកជូនអ្នកអានទាំងឡាយកំសាន្ត។ ភ្នំនេះមានកំពស់ ៤៩៧ម៉ែត្រ ស្ថិតក្នុងចន្លោះកណ្តាលនៃ ខណ្ឌសាស័ង(사상) និងខណ្ឌឆូរ្យ៉ាង(초량)។ ឈ្មោះភ្នំដែលត្រូវបានហៅថា សឹងហាក់ (승학산 – 乘鶴山) នេះត្រូវបានដាក់ តាំងពីក្នុងអំឡុងចុងរាជវង្ស Goryeo ព្រះអង្គម្ចាស់ Muhak បានធ្វើដំណើរជុំវិញប្រទេស ដើម្បីពិនិត្យភ្នំ និងដី ហើយព្រះអង្គបានដាក់ឈ្មោះភ្នំនេះ ដោយសារតែដីរបស់វាហាប់ណែន និងអស្ចារ្យ មើលទៅដូចសត្វក្រៀលហោះ។

យ៉ាងណាមិញ ខ្ញុំមានគំរោងថា នឹងទៅទីនោះម្តងទៀត នារដូវស្លឹកឈើជ្រុះ ដើម្បីផ្តិតរូប វាលស្មៅក្រាលមាសពណ៏ក្រហម ហើយម្យ៉ាងទៀត ការឡើងទៅកាន់ភ្នំនោះ ក៏មិនមានការលំបាកនោះដែរ។ ជាទូរទៅការឡើងភ្នំ បានរំសាយទុក្ខកង្វល់ទាំងឡាយ ដែលកើតឡើងចេញពីការធ្វើការ និងការនឹកស្រណោះ អាល័យពីមាតុភូមិកំណើត កម្ពុជា។ ប៉ុន្តែសកម្មភាពនេះ ពេញនិយមសម្រាប់តែមនុស្សចាស់ ជនជាតិកូរ៉េប៉ុណ្ណោះ។ យុវជនកូរ៉េភាគច្រើន ចូលចិត្តទៅ ធ្វើសកម្មភាពផ្សេងដែល មិនសូវហត់នឿយខ្លាំង សម្រាប់ការកំសាន្តចុងសប្តាហ៏របស់ពួកគេ។ សម្រាប់ខ្ញុំវិញ ការឡើងភ្នំជា hobby មួយបែប ដែលខ្ញុំអាចទទួលបាននូវ បទពិសោធន៏ថ្មី ជួបមនុស្សថ្មីៗ ហើយមិនប៉ះពាល់ដល់សង្គមជាតិ ឬបុគ្គលណាទាំងអស់។ ប្រទេសកូរ៉េ មានភ្នំប្រហែល ៧០ភាគរយ នៃផ្ទៃដីសរុប ដូចនេះការឡើងភ្នំរបស់ខ្ញុំ វានឹងមានភាពសំបូរបែប ហើយខុសគ្នា។ ខ្ញុំនៅតែព្យាយាម ធ្វើរហូតដល់ពេលដែលខ្ញុំ ត្រូវត្រលប់ទៅ កម្ពុជាវិញ។

ជាចុងក្រោយ សូមអរគុណដល់អ្នកអានទាំងឡាយ។ ខាងក្រោមនេះជា វីឌីអូ ដែលស្តែងពីសកម្មភាពទាំងឡាយ ដែលខ្ញុំបានរៀបរាប់។ បើពេញចិត្ត សូមជួយ like, subscribe ទាំងអស់គ្នា។ សង្ឃឹមថាថ្ងៃណាមួយ មិត្តអ្នកអានដែលចូលចិត្តឡើងភ្នំ ថតរូប បានឡើងធ្វើសកម្មភាពរួមគ្នា មិនថានៅ ប្រទេសកូរ៉េ ឬកម្ពុជា។ សូមអរគុណ!!!

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top